Monday, September 19, 2022

រឿង ជើងមេឃថ្មី

 រឿង ជើងមេឃថ្មី


អ្នកនិពន្ធ អ្នកស្រី បុិច សង្វាវ៉ាន 
ប្រលោមលោកផ្នែក មនោសញ្ចេតនា
ការផ្សាយរបស់ សមាគមអ្នកនិពន្ធខ្មែរនៅបរទេស
រក្សាសិទ្ធិគ្រប់យ៉ាង គ.ស ១៩៩០ ព.ស ២៥៣៣
បោះពុម្ពលើកទី ២

អារម្ភបទ

    ជាបឋម ខ្ញុំសូមថ្លែងអំណរគុណរបស់លោក-លោកស្រី អ្នកនាងកញ្ញានិងមិត្តអ្នកអានមួយចំនួននៅសហរដ្ឋអាមេរិក ប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសសហព័ន្ធអាល្លឺម៉ាញ និង ប្រទេសដទៃខ្លះទៀតដែលធ្លាប់អានស្នាដៃរឿង ជើង មេឃថ្មី របស់ខ្ញុំតាមរយះទំព័រសារពត៍មាន នគរធំ និង ព្រឹត្តិប័ត្រ ខ្មែរសាមគ្គី​ .....។
    រឿង ជើងមេឃថ្មី ដែលលោកអ្នកនាងបានអានថ្មីម្តងទៀតនេះ បានយកមករៀបរៀងបន្ថែមបន្ថយដោយអន្លើខ្លះខុសប្លែកពីសាច់រឿងដែលលោកអ្នកនាងធ្លាប់បានអានតាមខ្ទង់ទំព័រសារពត៍មាន និង ព្រឹត្តិប័ត្រ។

    លំនាំសាច់រឿង និង តួអង្គទាំងឡាយសុទ្ធតែជាការច្នៃប្រឌិតទៅតាមព្រឹត្តិការណ៏ពិតក្នុងជីវិតរបស់មជ្ឈដ្ឋានខ្មែរនៅប្រទេសបារាំង។ រឿងនេះក៏បានយកមកច្នៃថតជាខ្សែភាពយន្តខ្មែរពណ៍ធម្មជាតិ ទំហំ ១៦ មម រួចជាស្រេចកាលពីចុងខែ កក្កដា ១៩៨៨ ហើយក៏បានបើកបញ្ជាំងសម្ពោធលើកដំបូងនៅទីក្រុងបារីស៏ កាលពីថ្ងៃទី ៥ មិនា ១៩៨៩ ។

                    សមគមអ្នកនិពន្ធខ្មែរ នៅបរទេសបានសម្រេចយករឿងនេះមកបោះពុម្ពផ្សាយជាសៀវភៅប្រលោមលោក ដើម្បីទុកជាកញ្ជក់ដ៏តូមួយសម្រាប់ឆ្លុះពីសង្គមខ្មែរក្នុងសម័យដែលយើងទាំងអស់គ្នារសាត់អណ្តែតមកស្នាក់អាស្រ័យលើទឹកដីរបស់គេ បន្ទាប់ពីព្រឹត្តិការណ៍ដ៏ខ្មៅងងឹត ១៧ មេសា ១៩៧៥ មក​​។
    ឆ្លៀតពេល នេះ ខ្ញុំសូមឧទិ្ទសជូន ចំពោះឡ លោក ប៉ា អ្នកម្តាយដ៏ជាទីគោរព និង មានគុណធ្ងន់ ចាត់ទុកជាព្រះរស់របស់ខ្ញុំ ដែលបានបណ្តុះបណ្តាលអោយកូនស្រី បានរៀនសូត្រមានចំណេះ វិជ្ជាសក្តិសម ជាស្រីខ្មែរម្នាក់។ លោកអ្នកមានគុណទាំងទ្វេបានផ្តល់កំណើត និង ឈាមជ័រកូនស្រីអោយបានក្លាយទៅជាអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរម្នាក់ និង ចេះថែរក្សាដួងព្រលឹងក្នុងលក្ខណះជាខ្មែរ ឥតបីប្រែប្រួល ទោះក្នុងកាលះទេសះណាក៏ដោយ។

    បន្ថែមពីលើនេះទៀត ខ្ញុំសូមថ្លែងអំណរគុណជាពន្លឹកចំណេះអ្នកគ្រូខ្ញុំដែលបង្រៀនភាសាខ្មែរតាំងពីថ្នាំក់ទី ៦ ទំនើប មានជាអាទិ អ្នកគ្រូ បានរាសី(លោកស្រី ចេង គីមងួន) ដែលបង្រៀនខ្ញុំនៅថ្នាក់ទី ៣ ទំនើបនៅវិទ្យាល័យព្រះយុគន្ធរ ដែលបានធ្វើអោយខ្ញុំរឹតតែស្រលាញ់ចូលចិត្តអក្សរសាស្រ្ត ខ្មែរ រហូតដល់អស់លោកសាស្រ្តាចារ្យអក្សរសិល្ប៏ខ្មែរនៅមហាវិទ្យាល័យអក្សរសាស្រ្ត និង មនុស្សសាស្រ្ត និង មហាវិទ្យាល័យគរុកោសល្យនិងចំពោះលោក បុិច ឈុន ស្វាមីរបស់ខ្ញុំដែលបានជួយគាំទ្រគ្រប់សកម្មភាពរបស់ខ្ញុំ ដោយមានការយោគយល់ និង ជួយលើកទឹកចិត្តខ្ញុំយ៉ាងច្រើនក្នុងការនិពន្ធរឿងទាំងឡាយ។

    ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជាអតិបរិមាចំពោះលោកសុទ្ធ ប៉ុលីន ដែលបានជួយលើកទឹកចិត្តខ្ញុំយ៉ាងច្រើនក្នុងកិច្ចនិពន្ធដោយបានចុះផ្សាយរឿង " ជើងមេឃថ្មី " និង រឿងដទៃ  ផ្សេងៗឯទៀតក្នុងខ្ទង់ទំព័រ សារពត៍មាន នគរធំ របស់លោក ។

    ខ្ញុំសង្ឃឹមថា ប្រលោមលោក និង ខ្សែភាពយន្ត រឿង ជើងមេឃថ្មី និងបានក្លាយជាចំណីអារម្មណ៍លោកអ្នកនាងកញ្ញា ។ សូមទុកជាសម្បត្តិអក្សរសាស្រ្ត និង សិល្បះខ្មែរដ៏តូចមួយគ្រាន់និងបន្តពីស្នាដៃទាំងឡាយដែលបាត់បង់ទៅពីសំណាក់ជនបំផ្លាញជាតិឯង។
    សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ព្រមទាំងរូបខ្ញុំផ្ទាល់ ក៏សូមអំពាវនាដល់អស់លោកអ្នកនាងដែលមានទេពកោសល្យក្នុងការតែងនិពន្ធ សូមនាំគ្នានិពន្ធ សូមនាំគ្នាជួយសរសេរអោយបានច្រើនគ្នា ដើម្បីជួយទ្រទ្រង់អក្សរសាស្រ្តយើងក្នុងគ្រាដែលយើងរស់នៅក្រៅស្រុកនេះដើម្បីគ្រាន់ជាកញ្ចក់ឆ្លុះសង្គមខ្មែរគ្រប់កាលសម័យ....សូមអោយអ្នកនិពន្ធខ្មែរទាំងបុរស ទាំងស្រ្តីកាន់តែមានសម្បូរច្រើនឡើងដូចជាអ្នកនិពន្ធបរទេសនានា....

ជយោអក្សរខ្មែរ ! ជយោវប្បធម៏ខ្មែរ !
ម៉ុងទីញី (ប្រទេសបារាំង ) ថ្ងៃទី ១៤ មិថុនា ១៩៨៩

អ្នកស្រី បុិច សង្វាវ៉ាន ហៅ ព្រហ្ម សុទ្ធធីតា
    
ទំព័រ ១

    នៅក្នុងបន្ទប់ទទួលភ្ញៀវ លោកស្រីផានីអង្គុយលើកៅអី ទំរេតដោយខំផ្ចង់ស្មារតី ស្តាប់វិទ្យុសម្លេងខ្មែរផ្សាយពត៍មានសង្ខេបខ្លីៗស្តីពីព្រឹត្តិការណ៍ដ៏សំខាន់នានាដែលកើតមានឡើងក្នុងរបបរាជានិយម
សាធាណរដ្ឋនិយមប្រជាមានិតកម្ពុជា រហូតមកទល់និងរបបប្រជាធិបតេយ្យកម្ពុជាក្នុងរយះពេលជិតម្ភៃឆ្នាំនេះ។
    លោកស្រី បឺតបារីដោយបង្ហុយផ្សែងទ្រលោម ហោះហើរវិលវល់ពេញបន្ទប់ទទួលភ្ញៀវ ។ លុះលឺសម្រឹបជើងមនុស្សដើរនៅក្បែរនោះ លោកស្រីក៏ស្រែកហៅថា :
  • សុភាព
  • ចា លោកស្រី
    នារីឈ្មោះសូភាពបាន ឆ្លើយ រួចក៏ដើរយ៉ាងឱនលំទោនមកជិតចៅហ្វាយស្រី រួចក៏ដាក់ខ្លួនអង្គុយចុះទៅលើកំរាលព្រំក្បែរលោកស្រីផានីទៅតាមទម្លាប់ធម្មតារបស់នាងក្នុងឋានះជាអ្នកបម្រើ។ នាងអង្គុយបត់ជើងយ៉ាងសុភាពរាបសារង់ចាំស្តាប់ប្រសាសន៏ចៅហ្វាយស្រីដែលនិយាមកកាន់នាងច្បាស់លាស់ៗ មានសេចក្តីថា 
  • យើងអស់ស្រុក អស់ទេសហើយ ។ ឯងក៏ដឹងស្រាប់ហើយថាយើងមករស់នៅ
ទំព័រ ២
    ស្នាក់អាស្រ័យនៅស្រុកបារាំង ....។ ដូច្នេះ អ្វីៗក៏លែងដូចពីមុនទៀតដែរ។ លោកប្រុសរបស់ឯងក៏លែងមានឋានះវណ្ណះបុណ្យអ្វីទៀត ក៏គ្មាននរណាគេស្គាល់ជាមន្រ្តីអ្វីទៀតឡើយ។ ពីថ្ងៃនេះតទៅ អញលែងទុកឯងជាអ្នកបម្រើអញទៀតហើយ ព្រោះអញគ្មានលុយអោយប្រាក់ខែឯងដូចពីកាលនៅក្នុងស្រុកយើងទៀតទេ។ ដូច្នេះ......
    គ្រាន់តែលឺពាក្យប៉ុណ្ណេះភ្លាម នាងសូភាពធ្លាក់ទឹកមុខមួយរំពេច។ ទ្រូងនាងចាប់ភ័យញ័របំផុត។ នារីកំសត់ក៏សាកសួរចៅហ្វាយស្រីថា :
  • តើលោកស្រីគិតបណ្តេញខ្ញុំហើយឬ?  ខ្ញុំគ្មានទីពឹងឯណាក្រៅតែពីលោកប្រុស និង អ្នកស្រីទេ ។ សូមលោកស្រីមេត្តាអោយខ្ញុំបានរស់នៅ ជ្រកកោនក្រោមម្លប់គ្រួសារលោកស្រីតទៅទៀតផង។ ខ្ញុំសូមនៅបម្រើគ្រួសារលោកស្រីដូចពីមុនដដែល.....
  • អញមិនមែនបណ្តេញឯងទេ សូភាព។ អញដឹងហើយថាឯងគ្មានទីពឹង។ ឪពុកម្តាយឯងក៏ប្រហែលជាស្លាប់បាត់អស់ទៅហើយ។ ប៉ុន្តែអញគ្រាន់តែចង់បញ្ជាក់ថា អញគ្មានលទ្ធភាពផ្តល់ប្រាក់ខែអោយឯងដូចពីមុនទេហើយក៏ពុំអាចចិញ្ចឹមឯងបានទៀតផង ទើបអញគិតថា ចង់អោយឯងទៅធ្វើការចិញ្ចឹមជីវិតនិងគេចុះ។ ឯងអាចនៅជាមួយអញដូចធម្មតាបាន។ក៏ប៉ុន្តែ ដោយនៅទីក្រុងដែលយើងរស់នៅសព្វថ្ងៃនេះ បងប្អូនភៀសខ្លួនខ្មែរយើងក៏កាន់តែនាំគ្នាមកដល់ជាហូរហែនោះ។ អញហាមមិនអោយឯងទាក់ទងជាមួយនិងខ្មែរណាជាដាច់ខាត។ ឩបមាបើមានគេសួរ ឯងត្រូវថាឯងជាក្មួយរបស់អញ....គ្មានឈ្មួល គ្មានចៅហ្វាយអីទៀតទេវើយ ។ 
ទំព័រ ៣
នេះបើសិនជាឯងចង់នៅជ្រកកោនក្រោមដំបូលផ្ទះអញតទៅទៀត លឺទេ ! សូភាព ! 
  • ចា លោកស្រី
  • បើអញ្ចឹង ព្រឹកស្អែកនេះ លោកប្រុសនឹងជូនឯងទៅបង្ហាញខ្លួននៅរោងចក្រដេរខោអាវមួយ ព្រោះគេកំពុងតែរកកម្មការិនីពីរនាក់
  • ខ្ញុំមិនទាន់ចេះនិយាយបារាំងផង ទៅធ្វើការយ៉ាងម៉េចកើត លោកស្រី?
  • ឈប់ហៅអញថា លោកស្រីទៀតទៅ ហៅថាលោកអ៊ុំស្រីបានហើយ។ ចំណែកលោកប្រុស ឯងហៅថាលោកអ៊ុំប្រុសៗទៅណា
  • ចា លោក ....លោកអ៊ុំ....ស្រី (សូភាពហៅទាំងតតាក់តតុប នាងដូចជារឹងអណ្តាតបន្តិចក្នុងការហៅបែបនេះលើកដំបូង)
  • កុំទើសទាល់អី តោងខំទម្លាប់មាត់ហៅអញ្ចឹងទៅ
  • ចា!  .....និយាយអំពីរឿងធ្វើការ ខ្ញុំដូចជាភ័យណាស់លោកអ៊ុំ
  • កុំភ័យ! .....បើបារាំងគេសួរអី ឯងឆ្លើយតែ Oui !  Oui !  ទៅ គេស្មានតែឯង ចេះសព្វ ចេះគ្រប់ គេមុខជាព្រមទទួលយកឯង អោយធ្វើការហើយ។ នែវើយ បើមិនខំប្រឹងជួយខ្លួនឯងនោះ គ្មាននរណាជួយឯងកើតទេ។ អញគ្មានប្រាក់ចិញ្ចឹមឯងទេ។ បញ្ហាធំ គឺបញ្ហាក្រពះទារបាយ។ ឬមួយក៏ក្រពះឯងមិនចេះឃ្លាន? អើបើមិនចេះឃ្លាន សឹមខ្ចិល !
  • ខ្ញុំមិនមែនខ្ចិលទេលោកអ៊ុំ ខ្ញុំគ្រាន់តែភ័យខ្លាចគេមិនយកខ្ញុំធ្វើការទេតើ
  • យើស ! បានអោយឡើងឋានះជាក្មួយអញ ក៏ហ៊ានតមាត់ប៉ប៉េសភ្លាម។ កុំនិយាយច្រើន ទៅដេកទៅពួនទៅ និងអាលភ្ញាក់ពីព្រលឹមចេញទៅរកការធ្វើ។ លើកនេះ លោកអ៊ុំប្រុសឯងជូនទៅម្តងចុះ។ លើកក្រោយៗ ត្រូវទៅម្នាក់ឯង ។ នេះអញប្រាប់អោយដឹងមុន ។
  • ចា លោកអ៊ុំ
    ព្រលឹមឡើង នាងសូភាពក៏ចេញពីផ្ទះជាមួយលោកស៊ីផលបាត់ទៅ។ថ្ងៃនេះ ភរិយាលោកស៊ីផលបែបដូចជាហេលហាលពុំដឹងជាត្រូវធ្វើអ្វីខ្លះក្នុងផ្ទះ ព្រោះលោកស្រីធ្លាប់តែមានអ្នកបម្រើធ្វើជំនួស ។ ថ្ងៃនេះ នាងសូភាពទៅរកការធ្វើបាត់ ។ ដូច្នេះកិច្ចការផ្ទះទាំងអស់ត្រូវធ្លាក់មកលើលោកស្រី ។ លោកស្រី បានបង្ខាតពេលអង្គុយជក់បារីអស់មួយដើម ហើយមួយដើមទៀត ទម្រាំនិងដាច់ចិត្តចូលក្នុងផ្ទះបាយដាំស្ល ។ លោកស្រីធ្វើការបណ្តើររអ៊ូរទាំបណ្តើរ ថា: 

    នេះជាហេតុតែចង់អោយសូភាពវាមានការធ្វើចិញ្ចឹមជីវិតដោយខ្លួនវា។ យី! ដល់ថ្នាក់ចៅហ្វាយដាំបាយអោយឈ្នួលស៊ីវិញហើយតើអញ !
មាត់ចេះតែរអ៊ូ ដៃក៏ចេះតែធ្វើការឥតឈប់ឈរសោះ។ ម្ហូបអាហារក៏ឆ្អិនអស់សព្វគ្រប់ដែរ។ ស្រាប់តែទូរស័ព្ទរោទីឡើងជាបន្ទាន់។ លុះស្តាប់ចុះ ដឹងថាសូភាពបានការធ្វើនោះ លោកស្រីផានី ត្រេកអរយ៉ាងក្រៃលែង។ លោក ស្រីនឹកថា ពីថ្ងៃនេះទៅបានធូរហើយ ដោយបានសូភាពរកលុយចូលផ្ទះខ្លួននោះ។
    បើយើងនាំគ្នាសង្កេតមើលនាងសូភាពវិញ យើងឃើញទឹកមុខនាងរីកស្រល់ស្រាយខុសពីគ្រាមុនឆ្ងាយណាស់ ។ ថ្វីបើនាងធ្វើការ ៨ ម៉ោងក្នុងរោងចក្រហើយប្រើពេលវេលាយូរក្នុងការទៅមកមែន តែសូភាពនៅតែញញឹមៗព្រោះនាងពេញចិត្តនិងវាសនាថ្មីរបស់នាងណាស់។ នាងនឹកថាបើនាងនៅស្រុកខ្មែរនាងប្រាកដជាគ្មានវាសនាបានការងារធ្វើនិងគេទេ។
សូម្បីតែកិច្ចការក្នុងរោងចក្រក៏ដោយ បើនាងគ្មានបក្សពួកនឹងគេនោះ។ ហេតុនេះហើយបានជាឪពុកម្តាយនាងមកអោយនៅបម្រើគ្រួសារលោកស៊ីផលតាំងពីសូភាពអាយុបានដប់ប្រាំឆ្នាំមកម្ល៉េះ។នាងត្រូវគ្រួសារលោកស៊ីផលយកមកតាមបម្រើពេលដែលរដ្ឋាភិបាលសាធារណរដ្ឋខ្មែរតម្រូវអោយលោកស៊ីផលមកធ្វើការក្នុងស្ថានអគ្គរដ្ឋទូតប្រថាំប្រទេសថ្ងៃ។ លុះដល់ប្រទេសខ្មែរធ្លាក់ក្នុងរបបកុម្មុយនីស្តខ្មែរក្រហម គេបំភ្លេចមន្ត្រីទាំងអស់ដែលធ្វើការនៅរដ្ឋទូតនានាចោលអស់ ទើបលោកក៏បានសុំគេចេញមករស់នៅប្រទេសបារាំង ហើយក៏បានតាំងទីលំនៅជាប់លាប់នៅ Houtepierre ដែលជាឈ្មោះទីក្រុងមួយនៃទីរួមខេត្តស្រ្តាស់បួរ៏។ ដូច្នេះ នាងសូភាពពុំដែលស្គាល់ការងាររងទុក្ខវេទនាអត់ឃ្លានក្នុងរបបប៉ុលពតទេ។ នេះក៏ដោយសារនាងមកតាមបម្រើគ្រួសារលោកស៊ីផលដែរ។
    ការដឹងគុណនេះហើយដែលញុាំងអោយនាងសូភាពខិតខំយកចិត្តទុកដាក់បម្រើចៅហ្វាយនាយ។ សព្វថ្ងៃនេះ គេបានក្លាយទៅជាឪពុកម្តាយធំនាងជំនួសលោកអ្នកមានគុណរបស់នាងទៅហើយ។
    ក្រៅពីម៉ោងធ្វើការក្នុងរោងចក្រ នៅក្នុងផ្ទះសូភាពបម្រើគេដូចគ្រាមុនដដែល គឺធ្វើបាយទឹក រៀបចំបោសជូតផ្ទះ ហាល អ៊ុត បត់ខោអាវ ងូតទឹក អោយកូនគេ។ ល។ 

 







No comments:

Post a Comment